វីរុស នៃជំងឺគ្រុនផ្តាសាយជ្រូកបានចម្លងដល់មនុស្សចំនួន ១២ ០២២ នាក់ នៅក្នុងប្រទេសចំនួន៤៣ និងបានសម្លាប់ជីវិតមនុស្សអស់ ៨៦នាក់។ នេះបើយោងតាមតុល្យការរបស់អង្គការសហប្រជាជាតិចុះផ្សាយកាលពីថ្ងៃ សៅរ៍។ ប៉ុន្តែតួលេខនេះ អាចមិនមែនជាចំនួនពិតប្រាកដទេ។ ប្រទេសខ្លះ ក្នុងចំណោមប្រទេសដែលទទួលរងគ្រោះជួបនឹងការរីករាលដាលនៃជំងឺនេះ ខ្លាំងជាងគេ រាប់ទាំងសហរដ្ឋអាមេរិកផង បានបដិសេធមិនព្រមធ្វើការរាប់ចំនួនសរុបនៃអ្នកមានកើតជំងឺគ្រុន ផ្តាសាយទេ។ ក្នុងរយៈពេល តែ២៤ ម៉ោងប៉ុណ្ណោះ មានករណីកើតជំងឺគ្រុនផ្តាសាយថ្មីជាផ្លូវការចំនួន៨៥៤នាក់។
តើជំងឺនេះពិតជានឹងឈានដល់ដំណាក់កាលនៃការរាតត្បាតឬយ៉ាងណា ?

ហេតុអ្វីបានជាអង្គការសុខភាពពិភពលោកសម្តែងក្តីព្រួយបារម្ភប្រឈមនឹងការរីករាលដាលនៃជំងឺគ្រុនផ្តាសាយជ្រូក ?
ជាងមួយខែកន្លងមកហើយដែលពិភពលោកទាំងមូលនាំគ្នាផ្តោតអារម្មណ៍នឹង ជំងឺគ្រុនផ្តាសាយប្រភេទអា ឬ គ្រុនផ្តាសាយជ្រូកដែលមានប្រភពផ្ទុះចេញដំបូងបង្អស់នៅក្នុងប្រទេស ម៉ិចស៊ិក។
ហេតុអ្វីបានជាគេត្រូវព្រួយបារម្ភពីជំងឺគ្រុនផ្តាសាយនេះខ្លាំងម្ល៉េះ?
គ្រុន ផ្តាសាយមានច្រើនបែប និងច្រើនប្រភេទ ហើយការបែងចែក និងឲ្យឈ្មោះមេរោគនៃជំងឺគ្រុនផ្តាសាយ គឺដោយផ្អែកទៅតាមកំរិតសាហាវរបស់វា។
ជំងឺគ្រុនផ្តាសាយមាន បីប្រភេទ A B និង C ធំៗ ដែលអាចនាំដល់គ្រោះថ្នាក់ដល់ជីវិត ជាពិសេសនោះគឺជំងឺគ្រុនផ្តាសាយប្រភេទ A តែម្តង ប៉ុន្តែគួរឲ្យសោកស្តាយ និងគួរចងចាំថាជំងឺគ្រុនផ្តាសាយ ប្រភេទ A និង Bនេះតែងស្តែងឡើងក្នុងរូបភាពនិងរោគសញ្ញាដូចគ្នា និងពិបាកវិភាគវិនិច្ឆ័យរកភាពខុសគ្នាខ្លាំងណាស់។ ចំណែកគ្រុនផ្តាសាយដែលបង្កឡើងដោយមេរោគប្រភេទ សេ វិញ មានអាការដូចជាគ្រុនធម្មតា។
ជាការពិតជំងឺគ្រុនផ្តាសាយជាជំងឺឆ្លងចាស់មួយដែលគេបានស្គាល់តាំងពីយូរយារមកហើយ។ ជំងឺនេះមានពីរបែប ៖
- ជាជំងឺដែលមានរដូវផង
- និងជាជំងឺឆ្លងរាលដាលពេញពិភពលោកផង ជាជំងឺរាតត្បាតផង
ការរាតត្បាតសំខាន់ៗ
ជំងឺ គ្រុនផ្តាសាយធំដែលមានលក្ខណៈជារោគរាតត្បាតធំជាងគេ ដែលគេបានជួបប្រទះក្នុងសតវត្សចុងក្រោយនេះ គឺជំងឺគ្រុនផ្តាសាយអេស្បាញ៉ុល នាអំឡុងឆ្នាំ ១៩១៨-១៩២០។ កាលណោះមេរោគគ្រុនផ្តាសាយ A(H1N1)បានសម្លាប់ជីវិតមនុស្សអស់ជាង២០លាននាក់ និង១ពាន់លាននាក់មានផ្ទុកជំងឺ។
នៅឆ្នាំ១៩៥៧ ជំងឺគ្រុនផ្តាសាយ ដែលគេឲ្យឈ្មោះថា គ្រុនផ្តាសាយអាស៊ី ក៏បានធ្វើការរាតត្បាត សម្លាប់ជនជាតិអាមេរិកអស់ប្រមាណជិត ១០ ម៉ឺននាក់ និងប្រមាណជា២លាននាក់នៅទូទាំងពិភពលោក។ និងមានស្លាប់១៨០០០នាក់ នៅប្រទេសបារាំងក្នុងប្រទេសបារាំង នាឆ្នាំ១៩៦៨ គឺដោយសារតែជំងឺគ្រុនផ្តាសាយប្រភេទអាមួយដែលមាននាមថា គ្រុនផ្តាសាយហុងកុង។
មេរោគអាចបង្កាត់ខ្លួន
ដោយសារ តែមូលហេតុទាំងនេះហើយ បានជាពេលនេះអង្គការសុខភាពពិភពលោក មានការប្រុងប្រយ័ត្នយ៉ាងខ្លាំងចំពោះការរាលដាលនៃជំងឺគ្រុន ផ្តាសាយប្រភេទA/H1N1 ឬ ជំងឺគ្រុនផ្តាសាយជ្រូក ព្រោះគេបានដឹងថាជាប្រភេទមេរោគម្យ៉ាងដែលកាចសាហាវ និងងាយបង្កាត់ខ្លួនបានយ៉ាងងាយពេក ហើយរហូតមកទល់នឹងពេលនេះគេពុំទាន់បានស្គាល់ប្រភេទមេរោគថ្មីនេះ ច្បាស់នៅឡើយទេ។
ប្រសិនបើមេរោគគ្រុនផ្តាសាយអា អាចបង្កាត់ជាមួយនឹងមេរោគផ្សេងទៀតបានដូចជាគិតទុកនិងភ័យព្រួយ ទុកជាមុនរបស់ក្រុមអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ នោះផលវិបាកពិតជាធ្ងន់ធ្ងរណាស់ គេនឹងជួបការលំបាកក្នុងការកំណត់អត្រានៃការឆ្លងរាលដាល។ ព្រោះឮពេលដែលវីរុសបង្កាត់ខ្លួនបាន នោះវានឹងមានសមត្ថភាពផ្ទាល់របស់វាក្នុងការធ្វើសកម្មភាពផងនិង បង្កើនបរិមាណផង។
នៅពេលនេះអង្គការសុខភាពពិភពលោកកំពុងតែ តាមដានពិនិត្យយ៉ាងល្អិតល្អន់ ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយ។ ក្នុងពេលនេះ មធ្យោបាយការពារដែលសំខាន់ និងចម្បងបំផុតគឺធ្វើយ៉ាងណាជួយកាត់បន្ថយការចម្លងពីមនុស្ស ម្នាក់ទៅមនុស្សម្នាក់ ដោយទម្លាប់រក្សាកាយវិការសាមញ្ញសំខាន់ៗដូចខាងក្រោម ៖
- ត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ក្នុងមួយថ្ងៃ
- នៅពេលមានអាការៈផ្តាសាយត្រូវពាក់ម៉ាសការពារ
- ត្រូវញើសសំបោរនឹងក្រដាស រួចយកទៅចោលក្នុងធុងសំរាម
- នឹងប្រញាប់រួសរាន់អញ្ជើញទៅកាន់មន្ទីរពេទ្យដើម្បីវិភាគជំងឺ៕