ភាព តុបតែងរៀបចំដាក់អំពូលភ្លើងបំភ្លឺលម្អតាមជញ្ជាំងប្រាសាទអង្គរ វត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរបានរងការចោទថា កំពុងតែបំផ្លាញសម្បត្តិវប្បធម៌ជាតិ ដែលក្រៅពីរងការរិះគន់ពីសំណាក់ភ្ញៀវទេសចរក្នុងនិងក្រៅស្រុក ភាពតុបតែងលម្អនោះក៏បានរងការចោទពីមតិបញ្ញវន្តនិងអ្នកជំនាញ ខ្លះឯទៀតដែរ។
អំពូលភ្លើងដែលដាក់ភ្ជាប់នៅនឹងជញ្ជាំងប្រាសាទអង្គរវត្ត។
ស្ថាបត្យករខ្មែរនិងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន នៅថ្ងៃអង្គារ ទី២៦ ឧសភានេះ បានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើកិច្ចអន្តរាគមន៍និងឈានដល់ចេញបញ្ជាឲ្យដកអំពូលភ្លើងហ្វា អគ្គិសនីចេញពីថែវប្រាសាទអង្គរវត្តដែលបានរៀបចំដោយក្រុមហ៊ុនឯកជន មួយនាពេលថ្មីៗនេះ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានថ្លែងថា ការដែលអាជ្ញាធរអប្សរាបានអនុញ្ញាតឲ្យក្រុមហ៊ុន ស៊ូជីង បំពាក់ភ្លើងហ្វាអគ្គិសនីនៅថែវប្រាសាទអង្គរវត្តដើម្បីលម្អនិង បំភ្លឺនៅពេលយប់និងក្នុងបំណងទាក់ទាញភ្ញៀវទេសចររាត្រីនោះ គឺជារឿងមិនត្រឹមត្រូវទេ។
លោក មឿង សុន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ប្រាសាទអង្គរមួយដែលមាន កេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ បានជាប់ក្នុងចំណោម៧នៃអច្ឆរិយវត្ថុពិភពលោក ហើយគេស្គាល់កម្ពុជាដោយសារប្រាសាទអង្គរ នៅពេលនោះគឺយើងអត់មានអំពូលភ្លើងហ្វាហ្នឹងទេ គឺដោយសារគេយល់ថា ប្រាសាទហ្នឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ជាបុរាណ មិនមែនការច្នៃដាក់របស់ទោះទំនើបនេ»។
ជាមួយគ្នានេះ លោក មឿង សុន ទទូចសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើកិច្ចអន្តរាគមន៍ដើម្បីរកលទ្ធភាពរុះរើអំពូលភ្លើងហ្វាអគ្គិសនី ទាំងនោះចេញពីថែវប្រាសាទ។
កាលពីថ្ងៃអាទិត្យ លោក ប៊ុន ណារិទ្ធ ជាអគ្គនាយកអាជ្ញាធរអប្សរាទទួលបន្ទុកផ្នែកថែរក្សានិងអភិរក្ស ប្រាសាទបុរាណ បានធ្វើសន្និសីទកាសែតបដិសេធថា ការដាក់ភ្លើងហ្វាអគ្គិសនីនោះ គឺមិនបានធ្វើឡើងដោយដាប់ថ្មប្រាសាទអង្គរវត្តនោះទេ គឺក្រុមហ៊ុនស៊ូជីង ដែលជាអ្នកម៉ៅការបានប្រើកំណាត់ឈើខ្លីៗ វាយតាមបច្ចេកទេសបញ្ចូលទៅក្នុងប្រហោងថ្មនៃប្រាសាទដែលមានស្រាប់ ដើម្បីចាប់ភ្ជាប់នឹងជើងអំពូលភ្លើងទាំងនោះ។ ហើយការធ្វើនេះទៀតសោត ក៏មានការចូលរួមពិនិត្យដោយមន្ត្រីអង្គការយូណេស្កូផងដែរ។
ក៏ប៉ុន្តែស្ថាបត្យករខ្មែរមួយរូប គឺលោក ភួន ភូម៉ូនីរតន៍ បានថ្លែងថា ការដាក់តាំងភ្លើងអគ្គិសនីនៅឯថែវប្រាសាទអង្គរវត្តនោះ គឺនឹងឈានដល់ការបំផ្លាញប្រាសាទអង្គរវត្តដែលជាកេរមរតកដ៏ អស្ចារ្យនិងមិនអាចកាត់ថ្លៃបានរបស់កម្ពុជា។
លោក ភួន ភូម៉ូនីរតន៍ មានប្រសាសន៍ដូច្នេះថា ៖ «ការដែលដាក់អំពូល គឺវានឹងមានកម្ដៅ ហើយកម្ដៅហ្នឹងវាចាំងទៅលើជញ្ជាំងថ្ម ហើយជញ្ជាំងថ្មយើងហ្នឹង វាទទួលនូវសំណើម ហើយប្រតិកម្មរបស់វា ប៉ះទៅវាអាចនឹងធ្វើឲ្យថ្មហ្នឹងប្រេះដោយសារកម្ដៅ ព្រោះភ្លើងហ្វាកម្ដៅវា ១ពាន់វ៉ាត់ ១ពាន់វ៉ាត់ជាង អ៊ីចឹងកម្ដៅហើយនិងជញ្ជាំងដែលមានជាតិសំណើមហ្នឹងវាអាចធ្វើឲ្យទៅ ជាប្រេះ អាចបណ្ដាលឲ្យទៅជាពុកផុយ»។
ប្រាសាទអង្គរវត្តដែលកសាងឡើងតាំងពីសតវត្សរ៍ទី៩មកនោះ គឺផ្នែកខ្លះនៃប្រាសាទបានរងការខូចខាតសឹករេចរិលជាបន្តបន្ទាប់ ដោយសារតែធម្មជាតិ។
ស្ថាបត្យករខ្មែរដដែលថ្លែងថា ប្រាសាទអង្គរដ៏អស្ចារ្យមួយនេះក៏បានរងការបំផ្លាញដោយមនុស្សផង ដែរកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ដោយផ្នែកខ្លះនៃជើងសសរប្រាសាទត្រូវពុកផុយបែកបាក់បន្ទាប់ពី ក្រុមអ្នកបច្ចេកទេសបរទេសមួយក្រុមត្រូវបានអនុញ្ញាតឲ្យដុសខាត់ ស្លែនៅឯប្រាសាទអង្គរវត្តនោះ៕